៣២០, តថាគត នឹងអត់ធន់នូវពាក្យសំដី ដែល បុគ្គលនិយាយហួសប្រមាណ ដូចជាដំរីអត់ធន់ចំពោះកូនសរដែលគេបាញ់ចេញពីដងធ្នូក្នុងសង្រ្គាម យ៉ាងនោះឯងព្រោះថា បុគ្គលទ្រុស្តសីលមានចំនួនច្រើន។
៣២១, បុគ្គលទាំងឡាយ តែងនាំសត្វពាហនៈ ដែលហ្វឹងហាត់ហើយ ចូលទៅកាន់ទីប្រជុំ ព្រះរាជាតែងទ្រង់គង់លើសត្វពាហនៈដែលគេបានហ្វឹកហាត់ហើយ បណ្តាមនុស្សទាំងឡាយ អ្នកណាអត់ធន់ចំពោះពាក្យ ដែលគេនិយាហួសប្រមាណបាន អ្នកនោះឈ្មោះថា បានអប់ រំខ្លួនហើយ ជាអ្នកប្រសើរបំផុត។
៣២២, ពួកសេះសិន្ធពអស្សតរ តួអាជានេយ្យ និងកុញ្ជរ មហានាគទាំងឡាយ ដែលគេបានហ្វឹកហាត់ហើយ ជាសត្វប្រសើរ បុគ្គលដែលបានអប់រំខ្លួនហើយ ប្រសើរជាសត្វទាំងនោះ។
៣២៣, បុគ្គលគប្បីទៅកាន់ទិស ដែលខ្លួនមិនធ្លាប់បានទៅ (គឺព្រះនិព្វាន) ដោយយានជំនិះទាំងអស់នេះឲ្យដូចជាបុគ្គលដែលបានអប់រំខ្លួនហើយ ទៅដល់ទិសដែលខ្លួន មិនធ្លាប់បានទៅដល់បាន ដោយសារខ្លួនដែលបានអប់រំហើយ អប់រំល្អហើយ យ៉ាងដូច្នោះ ពុំបានសោះឡើយ។
៣២៤, កុញ្ជរឈ្មោះធនបាលកៈជាដំរីចុះប្រេង ហាមបានដោយកម្រណាស់ ត្រូវគេដាក់ខ្សែទន្លីងហើយ មិនព្រមស៊ីបាច់ស្មៅ កុញ្ជរនឹករសឹកដល់់ព្រៃនាគវ៍នតែម្យ៉ាង។
៣២៥, ពេលណា បុគ្គលជាអ្នកមានប្រក្រតីស៊ីច្រើនងងុយ ងក់ចូលចិត្តដេកច្រើន ក្រហល់ប្រហាយដូចជាសត្វជ្រូកដ៏ធំដែលគេបំប៉នដោយអាហារយ៉ាងនោះឯង ពេលនោះ បុគ្គលនោះជាអ្នកល្ងង់ខ្ងៅនឹងចូលទៅកាន់គភ៌រឿយៗ។
៣២៦, កាលពីមុន ចិត្តនេះបានត្រាច់រង្គាត់ទៅតាមសេចក្តីប្រាថ្នា តាមអារម្មណ៍ដែលជាទីស្រឡាញ់ និងតាមសេចក្តីសប្បាយ ថ្ងៃនេះអាត្មាអញនឹងសង្កត់ចិត្តនោះដោយយោនិសោមនសិការ ដូចជាហ្មដំរីកាន់កង្វេរ ហ្វឹកហាត់ដំរីដែលចុះប្រេង យ៉ាងដូច្នោះឯង។
៣២៧, អ្នកទាំងឡាយចុរជាអ្នកត្រេកអរហើយ ក្នុងសេចក្តីមិនប្រមាទចូរតាមរក្សាចិត្តរបស់ខ្លួន ចូររើខ្លួនឲ្យរួចផុតចេញអំពីភក់ ដូចជាដំរីដែលជាប់ភក់ហើយ ខំប្រឹងរើខ្លួនឲ្យរួចផុតចេញអំពីភក់យ៉ាងដូច្នោះ ឯង។
៣២៨, បើបុគ្គលគប្បីបាននូវមិត្រសម្លាញ់ ដែលជាអ្នកមានបញ្ញាគ្រឿងរក្សាខ្លួន មានធម៌ជាគ្រឿងនៅដោយល្អ ជាអ្នកប្រាជ្ញធ្វើដំណើរទៅជាមួយគ្នា គប្បីញ៉ាំញីអន្តរាយទាំងពួងហើយ គប្បីមានចិត្តត្រេកអរ មានសតិធ្វើដំណើរទៅជាមួយសម្លាញ់នោះ។
៣២៩, តែបើមិនបានបុគ្គល ដែលមានបញ្ញាជាគ្រឿងរក្សាខ្លួន មានធម៌ជាគ្រឿងនៅល្អ ជាអ្នកប្រាជ្ញធ្វើជាសម្លាញ់ធ្វើដំណើរទៅជាមួយគ្នាទេ គប្បីធ្វើដំណើរទៅតែម្នាក់ឯង ដូចជាព្រះរាជាទ្រង់លះរដ្ឋ ដែលទ្រង់បានឈ្នះហើយ ឬដូចជាដំរីមាតង្គៈលះហ្វូងចោលហើយដើរទៅក្នុងព្រៃតែឯង យ៉ាងនោះឯង។
៣៣០, ការធ្វើដំណើរទៅតែម្នាក់ឯង ជាការប្រសើរជា ព្រោះភាពជា សម្លាញ់ ក្នុងបុគ្គលពាល មិនមានឡើយយ បុគ្គលនោះគប្បីជាអ្នកដំណើរទៅតែម្នាក់ឯង ដូចជាដំរីមាតង្គៈជាសត្វមានការខ្វល់ខ្ខាយតិចដើរទៅក្នុងព្រៃតែឯងដូច្នោះឯង និង មិនគួរធ្វើនូវអំពើបាបទាំងឡាយ ផង។
៣៣១, កាលបើសេចក្តីត្រូវការកើតឡើងហើយ មិត្រសម្លាញ់ទាំងឡាយនាំសេចក្តីសុខមកឲ្យ សេចក្តីត្រេកអរដោយបច្ច័យតាមមានតាមបាន នាំសេចក្តីសុខមកឲ្យ នៅវេលាជិតនឹងអស់អាយុជីវិត ការលះបង់សេចក្តីទុក្ខទាំងពួងបាននាំសេចក្តីសុខមកឲ្យ។
៣៣២, ភាពជាអ្នកប្រតិបត្តិត្រឹមត្រូវដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក មួយទៀត ភាពជាអ្នកប្រតិបត្តិត្រឹមត្រូវដល់សមណៈនាំ សេចក្តីសុខមកឲ្យក្នុងលោក មួយទៀត ភាពជាអ្នកប្រតិបត្តិត្រឹមត្រូវដល់ព្រហ្ម នាំសេចក្តីសុខមកឲ្យ។
៣៣៣, សីលនាំសេចក្តីសុខមកឲ្យរហូតដល់ជរា សទ្ធាដែលតម្កល់ទុកបានល្អហើយ នាំសេចក្តីសុខមកឲ្យ កិរិយាបាននូវបញ្ញានាំសេចក្តីសុខមកឲ្យ ការមិនធ្វើនូវអំពើអាក្រក់ទាំងឡាយ នាំសេចក្តីសុខមកឲ្យ។